(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាអ៉ីស្រាអែល និងក្រុមហាម៉ាសបានឈានដល់កិច្ចព្រមព្រៀងដំណាក់កាលទី១នៃផែនការសន្តិភាពរបស់លោកដែល នឹងបើកផ្លូវឆ្ពោះទៅរកការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលទាំងអស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃពុធ ទី៨
ខែតុលា (ម៉ោងនៅវ៉ាស៊ីនតោន) លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំពិតជាមានកិត្តិយសចង់ ប្រកាសថាអ៉ីស្រាអែល
និងហាម៉ាសបានឈានដល់កិច្ចព្រមព្រៀងដំណាក់កាលទី១ នៃផែនការសន្តិភាពរបស់យើង»។ លោកបន្តថា «នេះមានន័យថាចំណាប់ខ្មាំងទាំងអស់នឹងត្រូវបាន
ដោះលែងក្នុងពេលឆាប់ៗ
ហើយអ៉ីស្រាអែលនឹងដកកងទ័ពតាមអ្វីដែលបានឯកភាពគ្នាជាជំហានទី១ឆ្ពោះទៅរកសន្តិភាពរឹងមាំ
និរន្តរភាព និងយូរអង្វែងមិនធ្លាប់មាន»។
ព្រមពេលជាមួយគ្នា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានអះអាងថានឹងកោះប្រជុំគណៈរដ្ឋមន្ត្រីរបស់លោកនៅថ្ងៃព្រហស្បតិ៍
ទី៩ ខែតុលា ដើម្បីអនុមត្តលើ កិច្ចព្រមព្រៀងស្ដីពីការដោះលែងចំណាប់ខ្មាំង។ ចំណែក
ក្រុមហាម៉ាសវិញត្រូវបានរាយការណ៍ថានឹងដោះលែងចំណាប់ខ្មាំងនៅមានជីវិត ២០នាក់
ជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីន
២០០០នាក់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារអ៉ីស្រាអែល។ បើតាមក្រុមមន្ត្រីអ៉ីស្រាអែល
បច្ចុប្បន្នមានចំណាប់ខ្មាំង៤៨នាក់កំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា
ហើយក្នុងចំណោមពួកគេមាន ២០នាក់ត្រូវបានជឿថានៅរស់រានមានជីវិត។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ
ក៏បានប្រកាសដែរថាអាចនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេហ្ស៉ីប នៅចុងសប្ដាហ៍នេះ
ជាទីដែលបេសកជនពិសេសរបស់លោក កំពុងចូលរួមក្នុងកិច្ចចរចាបទឈប់បាញ់
និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង៕


