លោក ត្រាំ បញ្ជាក់ថា អាមេរិកមិនបានអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់មីស៉ីលរយៈចម្ងាយឆ្ងាយឡើយ

នាគខៀវ

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី២២ ខែតុលា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សេចក្តីរាយការណ៍មួយដែលថា សហរដ្ឋអាមេរិក បានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់ មីស៉ីលរយៈចម្ងាយឆ្ងាយវាយប្រហារចូលជ្រៅលើទឹកដីរុស្ស៉ី គឺជារឿងមិនពិតទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters

កាលពីថ្ងៃដដែលនោះ កាសែតអាមេរិក The Wall Street Journal ដោយផ្អែកលើប្រភពពីមន្រ្តីអាមេរិកមិនបញ្ចេញអត្តសញ្ញាណ បានរាយការណ៍ថា រដ្ឋបាលលោក ត្រាំ បានដកចេញវិញនូវការរឹតត្បិតលើអ៊ុយក្រែន ស្តីពីការប្រើប្រាស់មីស៉ីលរយៈចម្ងាយឆ្ងាយមួយចំនួន ដែលផ្តល់ឱ្យដោយសម្ព័ន្ធមិត្តលោកខាងលិច។

ឆ្លើយតបចំពោះសេចក្តីរាយការណ៍ដូចខាងលើ លោក ត្រាំ បានបង្ហោះសារលើបណ្តាញ Truth Social យ៉ាងដូច្នេះថា «ការចុះផ្សាយរបស់ The Wall Street Journal ដែលអះអាងថា អាមេរិកផ្តល់ការអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់មីស៉ីលចម្ងាយឆ្ងាយវាយប្រហារចូលជ្រៅលើទឹកដីរុស្ស៉ី គឺមិនពិតឡើយ»។ ហើយលោកបានបន្ថែមទៀតថា សហរដ្ឋអាមេរិក មិនជាប់ពាក់ព័ន្ធអ្វីទាំងអស់ជាមួយមីស៉ីលទាំងនោះ មិនថាពួកវាមកពីប្រភពណា ឬក៏អ៊ុយក្រែនប្រើប្រាស់ពួកវា​យកទៅធ្វើអ្វីនោះទេ៕




 

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top