(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានឱ្យដឹងនៅថ្ងៃពុធ ទី២២ ខែតុលាថាយោធាអាមេរិកបានសម្លាប់មនុស្ស ២នាក់ដែលត្រូវបានសង្ស័យជាឧក្រិដ្ឋជនរត់ពន្ធ គ្រឿងញៀន នៅក្នុងការវាយប្រហារមួយលើទូកមួយគ្រឿងនៅភាគខាងកើតនៃតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ជាការវាយប្រហារដែលពង្រីកការប្រើប្រាស់កម្លាំងយោធារបស់រដ្ឋបាលលោក ត្រាំ ក្នុងយុទ្ធនាការប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀនចូលទៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នេះជាការវាយប្រហារលើកដំបូងបំផុតរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ប៉ាស៊ីហ្វិក
ចាប់តាំងពីលោកប្រធានាធិបតី ត្រាំ
ចាប់ផ្ដើមធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងពួកឧក្រិដ្ឋជនគ្រឿងញៀនដែល
បាននាំទៅរកការវាយប្រហារយ៉ាងហោច៧លើកនៅក្នុងតំបន់សមុទ្រ Caribbean និងកំពុងបង្កើនភាពតានតឹងរវាងសហរដ្ឋអាមេរិកជាមួយវ៉េណេស៊ុយអេឡា
និងកូឡុំប៊ី។ ដោយមិនបានបង្ហាញ ភស្តុតាង លោក Hegseth បាននិយាយថា
«ទូកមួយគ្រឿងត្រូវបានរាយការណ៍ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកថាមានជាប់ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀនដែលបានធ្វើដំណើរ
ឆ្លងកាត់ផ្លូវទឹកមួយដែលគេស្គាល់ច្បាស់់ថាជាផ្លូវជួញដូរគ្រឿងញៀន
និងដឹកគ្រឿងញៀនឆ្លងកាត់»។
គួរបញ្ជាក់ថា
ការវាយប្រហាររបស់យោធាអាមេរិកនៅក្នុងតំបន់សមុទ្រ Caribbean បានសម្លាប់មនុស្សយ៉ាងហោច
៣២នាក់ ប៉ុន្តែរដ្ឋបាលលោក ត្រាំ មិនបានបញ្ចេញព័ត៌មានលម្អិតអ្វីនោះទេ
ហើយនៅពេលត្រូវបានសាកសួរពីការវាយប្រហារក្នុងតំបន់ប៉ាស៊ីហ្វិក លោក ត្រាំ
បានឆ្លើយថារដ្ឋបាលរបស់លោកមានសិទ្ធិស្របច្បាប់ដើម្បីបើកការវាយប្រហារ
និងជឿថារាល់ការវាយប្រហារ របស់យោធាអាមេរិក កំពុងជួយសង្រ្គោះជីវិតប្រជាជនអាមេរិក។
បន្ថែមពីលើនេះ លោក ត្រាំ
ក៏បានលើកឡើងជាថ្មីផងដែរពីផែនការវាយប្រហារលើគោលដៅក្នុងទឹកដីវ៉េណេស៊ុយអេឡាដែល
ត្រូវបានគេរំពឹងថានឹងបង្កើនជម្លោះកាន់តែខ្លាំង
ប្រសិនបើការវាយប្រហារបែបនេះកើតឡើងមែននោះ៕


