(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានចេញសេចក្តីណែនាំដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ
អ្នកផលិតមាតិកា និងអង្គភាពសារព័ត៌មានទាំងអស់
ឱ្យចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសារអប់រំ
ស្តីពីការបង្ការការពារការឆ្លងមេរោគអេដស៍ និងការបញ្ជ្រាបការយល់ដឹងពីបញ្ហាគ្រឿងញៀន។
ការជំរុញនេះធ្វើឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងជាសាធារណៈ
និងរួមចំណែកកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃបញ្ហាទាំងពីរនេះដល់សង្គមជាតិ។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងព័ត៌មានសូមសម្តែងនូវការកោតសរសើរ
និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា
និងអង្គភាពសារព័ត៌មានទាំងអស់ ដែលបានបំពេញតួនាទីដ៏ត្រឹមត្រូវ
ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម។
ជាមួយគ្នានេះ
ដើម្បីបន្តសកម្មភាពខាងលើឱ្យបានកាន់តែផុលផុសក្រសួងព័ត៌មាន ក្រសួងសុខាភិបាល
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសហការជាមួយក្រុមហ៊ុន
MSA ផលិតនូវវីដេអូសារអប់រំចំនួន២ ដូចខាងក្រោម៖
តី១៖ សារអប់រំស្តីពីជំងឺអេដស៍ និងមេរោគអេដស៍ក្រោមចំណងជើងថា«កំហុសនៃទំនុកចិត្ត»
និងទី២៖ សារអប់រំស្តីពីគ្រឿងញៀនក្រោមចំណងជើងថា «ច្រកទ្វារដំបូង»។
ក្រសួងព័ត៌មានសូមអំពាវនាវម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អ្នក
ផលិតមាតិកា និងអង្គភាពសារព័ត៌មានទាំងអស់
បន្តចូលរួមសហការជួយផ្សព្វផ្សាយវីដេអូសារអប់រំទាំង២នេះ ឱ្យបានជាប់ជាប្រចាំ
និងច្រើនដងក្នុងមួយថ្ងៃចាប់ពីថ្ងៃនេះតទៅ
ដើម្បីឱ្យជ្រួតជ្រាបជាចំណេះដឹងក្នុងការបង្ការ
និងទប់ស្កាត់បញ្ហានេះកាន់តែមានប្រសិទ្ធភាព។
ការផ្សព្វផ្សាយអំពីការបង្ការមេរោគអេដស៍ គឺជាកិច្ចការដ៏សំខាន់មួយ
ដើម្បីការពារសុខភាពសាធារណៈ និងកាត់បន្ថយអត្រាឆ្លងថ្មី។
ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីស្នូលក្នុងការផ្តល់ព័ត៌មានត្រឹមត្រូវ
និងទូលំទូលាយអំពីវិធីសាស្រ្តបង្ការ ការធ្វើតេស្ត
និងការរស់នៅជាមួយមេរោគអេដស៍ប្រកបដោយការទទួលខុសត្រូវ ដើម្បីលុបបំបាត់ការរើសអើង
និងលើកកម្ពស់ការយល់ដឹងក្នុងសហគមន៍។
ជាមួយគ្នានេះ បញ្ហាគ្រឿងញៀននៅតែជាក្តីបារម្ភដ៏ធំមួយ
ដែលបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់បុគ្គល គ្រួសារ និងសង្គមទាំងមូល
រួមទាំងការរីករាលដាលនៃជំងឺអេដស៍ផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ជាបន្តបន្ទាប់
ដោយផ្តោតលើវិធានការគន្លឹះដូចជា ការអប់រំ ការបង្ការ ការព្យាបាល
និងការស្តារនីតិសម្បទា។ ដូច្នេះ
ការចូលរួមពីបណ្តាអង្គភាពសារព័ត៌មានក្នុងការផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រឿងញៀន
ផលវិបាកចំពោះសុខភាព សេដ្ឋកិច្ច និងសន្តិសុខសង្គម ព្រមទាំងវិធីសាស្រ្តជៀសវាង
និងស្វែងរកជំនួយ គឺជារឿងចាំបាច់បំផុត។
តាមរយៈការចូលរួមយ៉ាងសកម្មពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់
ក្រសួងព័ត៌មានរំពឹងថា សារអប់រំទាំងនេះនឹងទៅដល់មហាជនកាន់តែទូលំទូលាយ
ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសង្គមមួយដែលមានសុខុមាលភាពសុវត្ថិភាព
និងគ្មានការគំរាមកំហែងពីមេរោគអេដស៍ និងគ្រឿងញៀន៕


