(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី
ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក អឹអិណុ អាត់ត្សឹស៊ី (Ueno
Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា
ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត ចូលជួបសម្តែងការគួរសម និងជម្រាបលា
នៅព្រឹកថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភា
បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក អឹអិណុ អាត់ត្សឹស៊ី
និងសហការីនៅក្នុងឱកាសនេះ។ សម្តេចបានវាយតម្លៃខ្ពស់
ចំពោះលទ្ធផលការងារបេសកកម្មការទូតរបស់លោក ក្នុងរយៈពេលបីឆ្នាំមកនេះ
ដែលសម្រេចបានផ្លែផ្កាជាច្រើនក្នុងការលើកកម្ពស់ទំនាក់ទំនង
កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
នៃប្រទេសទាំងពីរលើគ្រប់វិស័យ ទាំងទំនាក់ទំនងការទូត ទំនាក់ទំនងប្រជាជន និងប្រជាជន
ពាណិជ្ជកម្ម ទេសចរណ៍ មនុស្សធម៌ និងវប្បធម៌ជាដើម។
សម្តេចបានលើកឡើងថា ជប៉ុនជាមិត្តដែលគួរឱ្យទុកចិត្ត
និងស្មោះត្រង់របស់កម្ពុជា។ ឆ្នាំនេះជាខួប៧៣ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ប្រជាពលរដ្ឋកម្ពុជា មានមនោសញ្ចេតនាជ្រាលជ្រៅជាមួយពលរដ្ឋជប៉ុន។ ជប៉ុនបានជួយកម្ពុជា
ក្នុងការស្វែងរកសន្តិភាព
ហើយពលរដ្ឋកម្ពុជាចងចាំជានិច្ចចំពោះការលះបង់ជីវិតក្នុងបុព្វហេតុសន្តិភាពនៅកម្ពុជា
របស់កុលបុត្រវ័យក្មេងជប៉ុន២នាក់ ម្នាក់ពលីនៅខេត្តកំពង់ធំ
និងម្នាក់ទៀតពលីនៅខេត្តបន្ទាយមានជ័យ
ក្នុងក្របខណ្ឌកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNTAC) កាលពីឆ្នាំ១៩៩៣។
ការគាំទ្ររបស់ជប៉ុនចំពោះកម្ពុជាលើគ្រប់វិស័យ
ដូចជាការដោះមីន ធនធានមនុស្ស កសិកម្ម និងពាណិជ្ជកម្មជាដើមនោះ បានលេចចេញជារូបរាង
និងផ្តល់ផ្លែផ្កាជាច្រើនពិតប្រាកដជូនប្រជាពលរដ្ឋកម្ពុជា។ ជាក់ស្តែង
ទំហំពាណិជ្ជកម្មទ្វេភាគី នៃប្រទេសទាំងពីរក្នុងឆ្នាំ២០២៥ សម្រេចបានជាង ២,៦ ពាន់លានដុល្លារអាមេរិក។
ចំពោះវិស័យវិនិយោគ ប្រទេសជប៉ុននៅតែបន្តជាដៃគូវិនិយោគដ៏សំខាន់របស់កម្ពុជា
ដែលមានទុនវិនិយោគសរុបចំនួន ២,៩ ពាន់លានដុល្លារអាមេរិក
គិតចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៥។
សម្តេចប្រធានរដ្ឋសភា
ក៏បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន
ដែលបានផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសជប៉ុន
ដែលគិតមកដល់ពេលនេះមានចំនួនប្រមាណ ១៧,០០០នាក់ហើយ។ ជាមួយគ្នានេះ ជប៉ុនក៏បានទទួលយកពលករខ្មែរជិត៧ម៉ឺននាក់
ទៅធ្វើការនៅប្រទេសជប៉ុនផងដែរ ដែលប្រការនេះបានធ្វើឱ្យពលករកម្ពុជា
ទទួលបានប្រាក់ចំណូលខ្ពស់ និងចំណេះដឹងផ្នែកបច្ចេកទេសការងារ
ដើម្បីយកមកប្រើប្រាស់ក្នុងការអភិវឌ្ឍកម្ពុជាវិញ។
លោក អឹអិណុ អាត់ត្សឹស៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា
ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបលោក និងសហការី។ លោកបានគោរពថ្លែងអំណរគុណ
ជាអនេកចំពោះសម្តេច ក៏ដូចជារដ្ឋសភាទាំងមូលដែលបានគាំទ្រ និងសហការយ៉ាងជិតស្និទ្ធ
ក្នុងការធ្វើឱ្យបេសកកម្មការទូតរបស់លោកនៅកម្ពុជាទទួលបានលទ្ធផលជាទីមោទនៈ។
លោកបានបង្ហាញពីមោទនភាព
ចំពោះការដឹកនាំរដ្ឋសភារបស់សម្តេចប្រធាន ដោយបានគូសបញ្ជាក់ថា
កម្ពុជាមានប្រធានរដ្ឋសភាជាស្ត្រីលើកដំបូង ចំណែកប្រទេសជប៉ុន
ក៏មានស្ត្រីជានាយករដ្ឋមន្ត្រីលើកដំបូងដែរ។
លោកបានយល់ស្របចំពោះប្រសាសន៍របស់សម្តេចប្រធានរដ្ឋសភា អំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ
និងការជឿជាក់គ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំ និងពលរដ្ឋនៃប្រទេសទាំងពីរ។
ក្នុងបេសកកម្មការទូតរបស់លោកនៅកម្ពុជា រយៈពេល៣ឆ្នាំមកនេះ
លោកបានធ្វើដំណើរគ្រប់ខេត្ត-ក្រុង
និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ពលរដ្ឋខ្មែរ។
សម្តេចប្រធានរដ្ឋសភា និងឯកអគ្គរាជទូត បានពិភាក្សាគ្នាយ៉ាងជិតស្និទ្ធអំពីការងារនយោបាយ
សង្គម សេដ្ឋកិច្ច ជាពិសេសការពង្រឹងទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ។
កម្ពុជាវាយតម្លៃខ្ពស់ និងគាំទ្រចំពោះយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP) របស់ប្រទេសជប៉ុន
ដែលយុទ្ធសាស្ត្រនេះស្របគ្នានឹងយុទ្ធសាស្ត្ររបស់អាស៊ាន និង «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា
នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា សម្តេចតេជោ
ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា កម្ពុជាគាំទ្រជានិច្ចនូវរាល់យុទ្ធសាស្ត្រទាំងឡាយណា
ដែលលើកកម្ពស់សន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ចំពោះទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរវិញ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា
រដ្ឋសភានៃប្រទេសទាំងពីរ បានផ្លាស់ប្តូរដំណើរទស្សនកិច្ច និងដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមកពីការងារនីតិកម្ម។
សម្តេចសង្ឃឹមថា ទំនាក់ទំនងស្ថាប័នរដ្ឋសភានេះ
នឹងកាន់តែរឹងមាំ
និងមានសកម្មភាពខ្លាំងក្លាថែមទៀតនៅក្នុងអាណត្តិការទូតរបស់ឯកអគ្គរាជទូតជប៉ុនថ្មី។
ជាមួយគ្នានេះ សម្តេចក៏បានស្នើដល់ភាគីជប៉ុន
ជួយគាំទ្រដល់ការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យា ដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ
ដោយហេតុថាពេលនេះ រដ្ឋសភាកំពុងធ្វើទំនើបកម្មស្ថាប័នទៅជា សភាឌីជីថល៕











