(ភ្នំពេញ)៖ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវដល់បងប្អូនអតីតពលករខ្មែរ
ដែលបានវិលត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារធ្វើ
សូមចុះឈ្មោះ ដើម្បីទទួលបានឱកាសការងារសមរម្យ ខណៈបច្ចុប្បន្នមានតម្រូវការជ្រើសរើសបុគ្គលិក
និងកម្មករនិយោជិតមានជាង ៩ម៉ឺនកន្លែង នៅទូទាំងប្រទេស។
អ្នកនាំពាក្យក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅល្ងាចថ្ងៃទី១ ខែកក្កដានេះ
បានជំរុញដល់បងប្អូនអតីតពលករ
និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើក្នុងស្រុកសូមទាក់ទងទៅលេខ ១២៩៧
ដើម្បីទទួលបានឱកាសការងារធ្វើបានលឿនរហ័ស។
លោបានបញ្ជាក់ថា៖ «ឱកាសការងារនៅកម្ពុជាមានប្រមាណជាង
៩ម៉ឺនកន្លែង
នេះជាពិសេសវិស័យឧស្សាហកម្មដែលកំពុងផ្តល់ឱកាសដល់ពលរដ្ឋយើងដែលពេញកម្លាំង
បើទោះបីជាមានបទពិសោធន៍ ឬគ្មានបទពិសោធន៍ឱ្យចូលធ្វើការ។ ដូចនេះ បងប្អូនខ្មែរយើង
ឬពលករ ដែលចង់បានការងារសូមទាក់ទងលេខទូរសព្ទ ១២៩៧ ដើម្បីទទួលបានការងារ
ភ្លាមៗ»។
ជាមួយគ្នានេះ
អ្នកនាំពាក្យរូបនេះ
ក៏បានក្រើនរំលឹកឱ្យពលរដ្ឋខ្មែរមិនត្រូវប្រថុយប្រថានឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ
ខណៈប្រទេសទាំងពីរកំពុងបន្តមានអរិភាពតាមបន្ទាត់ព្រំដែន។
លោកបានលើកឡើងពីហានិភ័យនៃការធ្វើចំណាកស្រុកដោយខុសច្បាប់ដូចជាការរំលោភបំពានពីនិយោជក
ការមិនផ្តល់អត្ថប្រយោជន៍ស្របតាមច្បាប់
ឬការចុះអធិការកិច្ចពីអាជ្ញាធរម្ចាស់ប្រទេសដែលនាំដល់ការចាប់ខ្លួនជាដើម។
បើតាមលោក ស៊ុន មេសា
ក្រសួងការងារនឹងបន្តអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល
ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួល
និងបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរគ្រប់រូប ឱ្យទទួលបានការងារសមរម្យ
មានប្រាក់ចំណូល និងរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕







