លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោក ពូទីន នៅទីក្រុងប៉េកាំង

នាគខៀវ

 



(ប៉េកាំង)៖ នៅថ្ងៃចន្ទ​ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានទទួលជួបមេដឹកនាំបេឡារុស លោក Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP

ទស្សនកិច្ចរបស់ប្រធានាធិបតីបេឡារុសនៅចិននាពេលនេះ គឺធ្វើឡើងបន្ទាប់ពីលោកបានជួបប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីសប្តាហ៍មុន។ លោក Lukashenko ដែលកាន់តំណែងជាមេដឹកនាំបេឡារុស តាំងតែពីឆ្នាំ១៩៩៤ បានអនុញ្ញាតឱ្យទីក្រុងមូស្គូប្រើប្រាស់ទឹកដីប្រទេសរបស់លោក ដើម្បីបើកការឈ្លានពានចូលអ៊ុយក្រែន កាលពីឆ្នាំ២០២២ ក៏ប៉ុន្តែ​លោកបានបដិសេធចូលរួមពាក់ព័ន្ធក្នុងសង្រ្គាមដោយផ្ទាល់។

បេឡារុស ដែលមានព្រំប្រទល់ជាប់តំបន់ភាគខាងកើតរបស់ក្រុមប្រទេស NATO សព្វថ្ងៃបានទទួលឱ្យរុស្ស៉ីដាក់ពង្រាយ​មីស៉ីលអាចបំពាក់នុយក្លេអ៊ែរស៊េរីថ្មីបំផុតរបស់រុស្ស៉ី ហៅថា Oreshnik។ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង ចិនបានតាំងខ្លួនជាភាគីអព្យាក្រឹត ប៉ុន្តែសម្ព័ន្ធមិត្តរបស់ទីក្រុងកៀវចោទថា ទីក្រុងប៉េកាំងបានលួចជួយទីក្រុងមូស្គូជាសម្ងាត់។

គួរបញ្ជាក់ថា លើកចុងក្រោយដែលលោក Lukashenko បានជួបជាមួយលោក ស៉ី ជីនពីង គឺកាលពីខែសីហា ឆ្នាំ២០២៥ មុនពេលចូលរួមពិធីប្រារព្ធព្យុហយាត្រាយោធាដ៏ធំសម្បើមមួយ នៅទីក្រុងប៉េកាំង ប៉ុន្មានថ្ងៃក្រោយពេលនោះ៕

 




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top