តម្លៃប្រេងអន្តរជាតិបានបន្តធ្លាក់ចុះគំហុកដល់ក្រោម
៨០ ដុល្លារ/បារ៉ែល ពេលបិទការជួញដូរកាលពីថ្ងៃអង្គារ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៣
ខែ ជុំវិញកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
ដែលនឹងឈានទៅដល់ការបើកច្រកហ័រមូហ្សឡើងវិញ។
នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
តម្លៃប្រេង ម៉ាក Brent បានធ្លាក់ចុះ
៤,២១ ដុល្លារ ឬ ៥,១% ដល់ ៧៨,៩៦ ដុល្លារ/បារ៉ែល ដែលជាអត្រាតម្លៃទាបបំផុតរាប់តាំងពីថ្ងៃទី ២ មីនា
ខណៈតម្លៃប្រេងអាមេរិក WTI ឯណោះវិញ បានធ្លាក់ចុះ ៤,៧០ ដុល្លារ ឬ ៥,៨% ដល់ ៧៦,០៥
ដុល្លារ ទាបបំផុតរាប់ពីថ្ងៃទី ៤ មីនា។
តម្លៃប្រេងទាំង២
នៅតែខ្ពស់ជាងតម្លៃមុនពេលសង្រ្គាមផ្ទុះឡើងនាថ្ងៃទី ២៨ កុម្ភៈ។
អ្នកជំនាញទីផ្សារបានលើកឡើងថា
តម្លៃប្រេងធ្លាក់ចុះគឺដោយសារតែការរំពឹងទុកពីការបើកច្រកសមុទ្រហ័រមូហ្សឡើងវិញក្រោយអាមេរិក
និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមបឋម ទោះបីជាពាណិជ្ជករនៅតែប្រុងប្រយ័ត្នពីព័ត៌មានលម្អិតនៃការស្រុះស្រួលរវាងភាគីវិវាទទាំង២ក្ដី។
អ្នកវិភាគទីផ្សារម្នាក់ប្រាប់រ៉យទ័រ តម្លៃប្រេងអាចនៅតែប្រែប្រួល ដោយឡើងចុះ ១០
ដុល្លារ លើ ឬក្រោម ៨០ ដុល្លារ/បារ៉ែល។
កាលពីថ្ងៃអង្គារ
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានឱ្យដឹងថា សំណើនៃកិច្ចព្រមព្រៀងនឹងហាមអ៊ីរ៉ង់ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ
ប៉ុន្តែនឹងបើកឱ្យអ៊ីរ៉ង់លក់ប្រេងទៅកាន់ទីផ្សារអន្តរជាតិ
ខណៈពន្យារពេលបទឈប់បាញ់បច្ចុប្បន្ន ៦០ ថ្ងៃ ហើយបើកច្រកហ័រមូហ្សឡើងវិញ។
ទោះបីបែបនេះក្ដី អ្នកជំនាញនៅតែព្រមានថា ការដឹកជញ្ជូនទំនិញ និងការនាំចេញថាមពលពីមជ្ឈិមបូព៌ា
អាចនឹងត្រូវការពេលច្រើនសប្ដាហ៍ ដើម្បីត្រឡប់ទៅដូចដើមវិញ។
យ៉ាងណាមិញ
មានកត្តាមួយចំនួនផ្សេងៗទៀតដែលអាចឱ្យតម្លៃប្រេងមាននិន្នាការធ្លាក់ចុះ
ដោយរួមបញ្ចូលទាំងកង្វល់ស្ដីពីសេដ្ឋកិច្ចចិន កំណើនអតិផរណា និងអត្រាការប្រាក់សកល
និងការអំពាវនាវរបស់អាមេរិកឱ្យបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ជាដើម៕
