(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦
បានបើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់
ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេល ៣ខែ មកនេះកំពុងជាប់គាំង
រីឯតេហេរ៉ង់បើកការវាយប្រហារសងសឹកវិញលើមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់
ជាមួយការគំរាមកំណត់គោលដៅលើកប៉ាល់ទាំងឡាយដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក
បានឱ្យដឹងថាយោធាអាមេរិកបានបើកការវាយប្រហារស្វ័យការពារខ្លួនបន្ថែមទៀត នៅម៉ោង
៥៖១៥នាទីរសៀល (ម៉ោងនៅវ៉ាស៊ីនតោន) ត្រូវនឹងព្រឹកថ្ងៃព្រហស្បតិ៍នេះនៅអ៉ីរ៉ង់
ប្រឆាំងនឹងគោលដៅជាច្រើនក្នុងប្រទេសអ៉ីរ៉ង់ជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថាជាទង្វើផ្គើនគ្មានហេតុផល
និងគឃ្លើនរបស់អ៉ីរ៉ង់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់បានរាយការណ៍ពីការផ្ទុះជាច្រើនកន្លែងនៅទូទាំងតំបន់ភាគខាងត្បូងនៃប្រទេសអ៉ីរ៉ង់
ស្ថិតក្បែរតំបន់ច្រកសមុទ្រ Hormuz ជាទីតាំងតែមួយជាទីដែល
យោធាអាមេរិកបានវាយប្រហារតាមផ្លូវអាកាសលើទីតាំងប្រព័ន្ធការពារដែនអាកាស រ៉ាដា
និងទីតាំងផ្សេងទៀតរបស់អ៉ីរ៉ង់កាលពីថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅនេះ។
ព្រមពេលជាមួយគ្នា
កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានបើកការវាយប្រហារសងសឹកលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសកូវ៉ែត
និងបារ៉ែនព្រមទាំងព្រមានទៀតផងថានឹងវាយប្រហារលើ
កប៉ាល់ទាំងឡាយដែលធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz។
ក៏ប៉ុន្តែ
ទីបញ្ជាការកណ្ដាលអាមេរិកបានច្រានចោលការអះអាងរបស់អ៉ីរ៉ង់ពីការបិទច្រកសមុទ្រ Hormuz ទាំងស្រុង
ដោយនិយាយថាកប៉ាល់ពាណិជ្ជកម្មកំពុងបន្តធ្វើដំណើរឆ្លងកាត់ ចេញ
និងចូលច្រកសមុទ្រដ៏សំខាន់មួយនេះ។
គួរបញ្ជាក់ថា ការវាយប្រហារសាជាថ្មីរបស់យោធាអាមេរិក
កើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
បានគំរាមទម្លាក់គ្រាប់បែកលើអ៉ីរ៉ង់
ប្រសិនបើមេដឹកនាំអ៉ីរ៉ង់មិនព្រមចុះកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមជាមួយសហរដ្ឋអាមេរិកទេនោះ។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News លោក ត្រាំក៏បានអះអាងដែរថា ខណៈយោធាអាមេរិកចាប់ផ្ដើមទម្លាក់គ្រាប់បែក មេដឹកនាំអ៉ីរ៉ង់បានអំពាវនាវដោយផ្ទាល់មកកាន់រូបលោកឱ្យបញ្ឈប់ការវាយប្រហារ។
តែកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានច្រានចោល ការអះអាងរបស់លោក ត្រាំ។
បើតាមលោក ត្រាំ
ក្នុងការវាយប្រហារលើអ៉ីរ៉ង់កាលពីថ្ងៃពុធ យោធាអាមេរិកបានប្រើប្រាស់មីស៊ីលគ្រូស Tomahawk ៤៩គ្រាប់ ហើយគោលដៅនៃការវាយប្រហារមួយចំនួន
ស្ថិតនៅចម្ងាយប្រហែល ៦០គីឡូម៉ែត្រពីទីក្រុងតេហេរ៉ង់។ លោក
ត្រាំក៏បានព្រមានជាថ្មីដែរថាប្រសិនបើអ៉ីរ៉ង់មិនព្រមទទួលយកកិច្ចព្រមព្រៀងតាមលក្ខខណ្ឌរបស់សហរដ្ឋអាមេរិក
ទេ នោះសហរដ្ឋអាមេរិកនឹងបន្តទម្លាក់គ្រាប់បែកលើអ៉ីរ៉ង់៕






