(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា
សន្តិភាពរវាងអ៉ីស្រាអែល និងលីបង់អាចសម្រេចទៅបាន
ប៉ុន្តែបញ្ហាគឺនៅត្រង់ចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់នៅលីបង់ គឺហេសបូឡា។
នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ
ទី៦ ខែឧសភា ឆ្នាំ២០២៦។
លោកបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯសេតវិមានថា «ជាទូទៅ ខ្ញុំគិតថា
កិច្ចព្រមព្រៀងសន្តិភាពរវាងលីបង់ និងអ៉ីស្រាអែល អាចសម្រេចបានក្នុងពេលឆាប់ៗ
ហើយវាគួរតែដូច្នោះ»។ លោកបន្ថែមថា «បញ្ហាសម្រាប់អ៉ីស្រាអែល
និងលីបង់ គឺមិនមែនអ៉ីស្រាអែល ឬលីបង់ខ្លួនឯងទេ តែជាក្រុមហេសបូឡា»។
រដ្ឋាភិបាលលីបង់ចង់ បានកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ជាមួយអ៉ីស្រាអែល
ដែលនឹងបញ្ចប់វដ្តនៃការឈ្លានពាន និងវាយប្រហារម្តងហើយម្តងទៀតរបស់អ៉ីស្រាអែល
ដែលមិនគ្រាន់តែកិច្ចព្រមព្រៀងសន្តិភាព។ អ៉ីស្រាអែលវិញ
បាននិយាយថាកិច្ចព្រមព្រៀងណាមួយ ត្រូវតែរំសាយអាវុធក្រុមហេសបូឡាទាំងស្រុង។
អ៉ីស្រាអែលបានបង្កើនការវាយប្រហារតាមផ្លូវអាកាសលើលីបង់
បន្ទាប់ពីក្រុមហេសបូឡាបាញ់មីស៉ីលទៅអ៉ីស្រាអែល នៅថ្ងៃទី២ ខែមីនា ពោលគឺ
៣ថ្ងៃក្រោយអាមេរិក និងអ៉ីស្រាអែលបំផ្ទុះសង្រ្គាមជាមួយអ៉ីរ៉ង់។ បន្ទាប់មក
អ៉ីស្រាអែលបានពង្រីកសកម្មភាពយោធា ចូលទៅក្នុងភាគខាងត្បូងនៃប្រទេសលីបង់៕


