រដ្ឋមន្ត្រីព័ត៌មាន អរគុណពលរដ្ឋកម្ពុជាដែលជឿជាក់ និងទុកចិត្តលើរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងការទូត

នាគខៀវ

 



(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យជឿជាក់លើរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តឈរយ៉ាងរឹងមាំ មិនធ្វេសប្រហែសម្ដងណាឡើយ និងធ្វើការយ៉ាងសកម្មមិនសន្សំសំចៃកម្លាំង ធ្វើយ៉ាងណាដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងផ្លូវការទូត។

ការស្នើបែបនេះរបស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា ត្រូវបានធ្វើឡើងនៅចំពោះមុខប្រជាពលរដ្ឋជាង១ពាន់នាក់ នៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ (ប្លង់រឹង) ជូនដល់ប្រជាពលរដ្ឋចំនួន ២,៣៤០គ្រួសារ ស្មើ ៣,៨២០បណ្ណ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ។

នាឱកាសនោះលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ប្រជាពលរដ្ឋក្នុងឃុំពង្រ ដោយក្តីនឹករលឹក។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា សម្តេចវរធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិជានាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តវេនពីសម្តេចតេជោ ហ៊ុន សែន គឺជាកុលបុត្រខ្មែរដ៏អង់អាចក្លាហាន ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ មានសមត្ថភាព មានយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងប្រកបដោយទេពកោសល្យក្នុងដឹកនាំប្រទេស។

ជាក់ស្តែងនៅក្នុងដំណាក់កាលនេះជាមួយនឹងការដឹកនាំដ៏ម៉ឹងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការការពារដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយឈរលើគោលការណ៍ច្បាប់។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋមានជំនឿជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្នើយ៉ាងដូច្នេះថា៖ «សូមឱ្យបងប្អូនទាំងអស់ ជឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី យើងមានសម្តេចតេជោ ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ដែលានដឹកនាំប្រទេស និងការពារប្រទេសពីការឈ្លានពានរបស់ប្រទេសជិតខាង នៅក្នុងដំណាក់កាលឆ្នាំ២០២៥ ក្នុងខែកក្កដា និងខែធ្នូ ប្រទេសកម្ពុជា ត្រូវទទួលរងការឈ្លានពានពីប្រទេស មូលហេតុនៃការឈ្លានពានកម្ពុជា គឺភាគីថៃ ប្រើប្រាស់ផែនទីឯកតោភាគី ដើម្បីយកដីយើង ដោយអត់ប្រើប្រាស់បន្សល់ពីសម័យបារាំង ដែលទទួលស្គាល់ដោយអន្តរជាតិ»

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា កងកម្លាំងរបស់កម្ពុជាគ្រប់ប្រភេទ បានតស៊ូប្រយុទ្ធប្រឆាំងលះបង់គ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា។ បន្ទាប់ពីបទឈប់បាញ់យោធាថៃ បានរំលោភលើកិច្ចព្រមព្រៀងដែលភាគទាំងពីរបានឯកភាពគ្នា ដោយរុលចូលកាន់កាប់ទឹកដីកម្ពុជានៅតាមទីតាំងមួយចំនួនក្តី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយ៉ាងដាច់អហង្កាមិនទទួលស្គាល់ការចូលកាន់កាប់ដោយខុសច្បាប់ជាដាច់ខាត។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនដែលបោះបង់សិទ្ធិក្នុងការទាមទារទឹកដីដែលស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃឡើយ។ អាទិភាពរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺការពារប្រជាជន និងការពារទឹកដី។

ក្នុងន័យនេះ ថ្នាក់ដឹកនាំកម្ពុជាក្នុងនោះមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំប្រឹងប្រែងតស៊ូគ្រប់សមរភូមិដើម្បីការពារជាតិ និងប្រជាជន។ ចំពោះការមិនបោះបង់ចោលសិទ្ធិទាមទារនេះ គឺជាសិទ្ធិស្របច្បាប់របស់កម្ពុជា ហើយស្របទៅតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រឹងប្រែងទាំងយប់ ទាំងថ្ងៃ ក្នុងកិច្ចការពារទឹកដី គ្រប់ពេលវេលាទាំងអស់ ហើយកន្លែងដែលកម្ពុជា បាត់បង់ និងស្ថិតនៅក្រោមការគ្រប់គ្រងដោយខុសច្បាប់របស់យោធាថៃ គឺគ្មានកន្លែងណាមួយដែលគ្មានដំណក់ឈាមរបស់វីរកងទ័ព និងវីរនគរបាលកម្ពុជានោះទេ។

លោកថ្លែងបន្តថា៖ «កម្ពុជា បានប្រើប្រាស់គ្រប់លទ្ធភាព ដើម្បីការពារទឹកដី ហើយរហូតមកដល់បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់សមរភូមិការទូត និងសមរភូមិច្បាប់ ដើម្បីទាមទារទឹកដីរបស់យើងត្រឡប់មកវិញ ហើយយើងប្រើប្រាស់វិធីសាស្ត្រសន្តិវិធី និងសនិ្តភាពដោយមិនចង់ឱ្យមានការបង្ហូរឈាមឡើយ»

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនប្រជាពលរដ្ឋនៅក្នុងឃុំពង្រ ឱ្យដឹងថា នៅក្នុងដំណាក់កាលនៃការឈ្លានពានរបស់យោធាថៃ លើទឹកដីកម្ពុជាលើកទី២ បានបង្កឱ្យប្រជាជនខ្មែរស្លូតត្រង់ជាង ៦៤ម៉ឺននាក់ បានក្លាយជាជនភៀសសឹក។ ត្រង់ចំណុចនេះហើយរាជរដ្ឋាភិបាល បានជ្រើសរើសយកភាពស្ងៀមស្ងាត់ តែមិននៅស្ងៀមនោះទេ ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងតាមផ្លូវច្បាប់។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា កម្ពុជាមិនដែលមានចេតនាណាមួយឈ្លានពានទៅលើប្រទេសជិតខាងម្តងណានោះឡើយ ហើយកម្ពុជា គឺចង់បានតែសេចក្តីសុខ សន្តិភាព និងមិត្តភាព ជាពិសេសកម្ពុជា មិនចង់បានភ្លើងសង្គ្រាមនោះទេ ពីព្រោះអតីតកាលកម្ពុជា បានជួបប្រទះនឹងភ្លើងសង្គ្រាមជិត ៣ទសវត្សរ៍ បណ្តាលឱ្យប្រជាជននិរាស្តព្រាត់ប្រាស់ បែកបាក់ ប្តី ប្រពន្ធ សាច់ញាតិជាដើម។

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋខេត្តក្រចេះ មានជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំដោះស្រាយបញ្ហាប្រឈមនានា ពិសេសជំនឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, កម្ពុជានឹងបន្តការពារទឹកដី និងផលប្រយោជន៍របស់ប្រជាជនឱ្យបានយ៉ាងគង់វង្ស៕

















 

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top