(ភ្នំពេញ)៖ លោក ឃួង ស្រេង
ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យមន្ត្រី និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់
ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ខណៈដែលថ្នាក់ដឹកនាំបានកោតសរសើរ
ចំពោះការអនុវត្តការងាររបស់យើងកន្លងមកបានល្អប្រសើរ ទាំងការរក្សាសន្តិសុខ
បង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងការងារ អនាម័យបរិស្ថានជាដើម។
ការណែនាំបែបនេះ របស់លោក ឃួង
ស្រេង បានធ្វើឡើងក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាព
ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នារសៀលថ្ងៃទី២៤
ខែមេសា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង
បាននាំពាក្យកោតសរសើរពីថ្នាក់ដឹកនាំ ពិសេសលោកអភិសន្តិបណ្ឌិត ស សុខា
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ដែលទាំងនេះបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់មន្ត្រី និងកងកម្លាំងរបស់យើង
ដូចប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថា «មន្ត្រីរាជការ
ជាអ្នកបំរើរាស្ត្រ»។
លោកបន្តថា «យើងពិតជាអនុវត្តការងារបានល្អ។
ជាក់ស្តែងសម្រាប់ «នគរសង្ក្រាន្តឆ្នាំថ្មី» ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក
ព.ស.២៥៦៩ គ.ស.២០២៦ នៅរាជធានីភ្នំពេញកន្លងមកនេះ ទាំងការរក្សាសន្តិសុខ បង្កភាពសប្បាយ
រីករាយជូនប្រជាពលរដ្ឋ និងការងារ អនាម័យបរិស្ថាន យើងអនុវត្តបានល្អ
ទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំ ហើយចំពោះការអនុវត្ត
ការងារសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក៏ទទួលបានការកោតសរសើរថ្នាក់ដឹកនាំផងដែរ
ដូច្នេះយើងត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត»៕







