(ប៉េកាំង)៖ នាថ្ងៃចន្ទនេះ
ចិនបានប្រកាសដាក់ទណ្ឌកម្មលើសមាជិកសភាជប៉ុន លោក Keiji Furuya ដែលមានទំនាក់ទំនងជិតស្និទ្ធ
ជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi ដោយចោទថា
រូបលោកគប់គិតជាមួយចលនាចង់បានឯករាជ្យនៅតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ
ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៣០ ខែមីនា
ឆ្នាំ២០២៦។
ក្រសួងការបរទេសចិន បាននិយាយថា ទីក្រុងប៉េកាំង
នឹងហាមឃាត់មិនឱ្យលោក Furuya ឈានជើងចូលទឹកដីចិន ហើយបង្កកចលនទ្រព្យ ក៏ដូចជាទ្រព្យសម្បត្តិដទៃទៀតរបស់លោក
នៅក្នុងប្រទេសចិន គិតចាប់ពីពេលនេះតទៅ។ ក្រសួងការបរទេសចិន បានចោទប្រកាន់លោក Furuya
ថាគប់គិតជាមួយកម្លាំងបំបែករដ្ឋនៅតៃវ៉ាន់។
លោក Furuya ក្នុងនាមជាប្រធានក្រុមសមាជិកសភាជប៉ុនចម្រុះបក្ស
ដែលលើកកម្ពស់កិច្ចសហប្រតិបត្តិការជប៉ុន-តៃវ៉ាន់ ធ្លាប់បំពេញទស្សនកិច្ចជាច្រើនលើក
ដោយអមដំណើរថ្នាក់ដឹកនាំនយោបាយជប៉ុន ទៅកាន់កោះតៃវ៉ាន់
ហើយទស្សនកិច្ចថ្មីចុងក្រោយបង្អស់ ទើបតែត្រូវបានធ្វើឡើងក្នុងខែមីនានេះ
ដើម្បីជួបជាមួយមេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te នៅទីក្រុងតៃប៉ិ។
ឆ្លើយតបការដាក់ទណ្ឌកម្ម លោក Furuya បាននិយាយថា
ការធ្វើទស្សនកិច្ចទៅកាន់តៃវ៉ាន់ គឺជាការងារធម្មតានៃក្រុមសមាជិកសភាដែលលោកដឹកនាំ
ហើយលោកបានបន្ថែមទៀតថា រូបលោកមិនដែលធ្វើដំណើរទៅចិន រាប់ទសវត្សរ៍មកហើយ
និងពុំមានទ្រព្យសម្បត្តិអ្វីនៅទីនោះទេ។ លោក Furuya ក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយ
លោកស្រី Takaichi ផងដែរ ដោយគាំទ្រការជាប់ឆ្នោតរបស់លោកស្រី
ជាមេដឹកនាំគណបក្សកាន់អំណាច LDP កាលពីឆ្នាំមុន។
គួរបញ្ជាក់ថា ចំណងទាក់ទងរវាងទីក្រុងតូក្យូនិងទីក្រុងប៉េកាំង
បានធ្លាក់ដុនដាបយ៉ាងខ្លាំង ចាប់តាំងពីលោកស្រី Takaichi បានលើកឡើងថា
ក្នុងករណីចិនវាយប្រហារលើតៃវ៉ាន់ ជប៉ុនអាចនឹងត្រូវបង្ខំចិត្តធ្វើអន្តរាគមន៍យោធា។
កាលពីខែកញ្ញា ឆ្នាំមុន
ទីក្រុងប៉េកាំងក៏បានដាក់ទណ្ឌកម្មលើសមាជិកសភាជប៉ុនម្នាក់ផ្សេងទៀតផងដែរ គឺលោក Seki
Hei សម្រាប់ការអត្ថាធិប្បាយពាក់ព័ន្ធបញ្ហា
ដែលរួមមានទាំងកោះតៃវ៉ាន់៕


