(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា
បានចេញសារាចរស្ដីពីវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី
ក្រោយស្ថានការណ៍នៃសង្គ្រាមដែលកំពុងកើតមាន និងរីករាលដាលនៅតំបន់មជ្ឈឹមបូព៌ា
បានបង្កឲ្យមានផលប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងឆៅ និងជាហេតុធ្វើឲ្យថ្លៃប្រេងឥន្ធនៈសកល
រួមទាំងកម្ពុជា មានការកើនយ៉ាងគំហុក។
ទន្ទឹមនេះ ថ្លៃដើមលើការផលិតអគ្គិសនី ក៏អាចនឹងមានការកើនមួយ
ចំនួននាពេលខាងមុខ
ដោយសារប្រេងឥន្ធនៈជាធាតុចូលសំខាន់មួយពាក់ព័ន្ធនឹងការផលិតអគ្គិសនី។
ទោះជាយ៉ាងនេះក្តី ផ្អែកតាមការពិភាក្សាជាមួយក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា
និងបណ្តាក្រុមហ៊ុននាំចូលប្រេងឥន្ធនៈ សមត្ថភាពផ្គត់ផ្គង់ប្រេងឥន្ធនៈ
និងអគ្គិសនីនៅកម្ពុជា នៅចំពោះមុខនេះត្រូវបានវាយតម្លៃថា
នៅតែអាចរក្សាបាននូវស្ថិរភាពនៃការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី
សម្រាប់ប្រតិបត្តិការសេដ្ឋកិច្ច និងការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័ន។
ឆ្លើយតបទៅនឹងស្ថានភាពចំពោះមុខ នៃការកើនថ្លៃប្រេងឥន្ធនៈ
និងថ្លៃដើមលើការផលិតអគ្គិសនីខាងលើ
រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ
និងអគ្គិសនីរបស់ក្រសួង ស្ថាប័នទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
ដូចតទៅ៖
១៖ វិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ
*ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ត្រូវគិតគូរពិនិត្យលទ្ធភាពក្នុងការសន្សំសំចៃចំណាយថវិកា
តាមរយៈការដាក់ចេញនូវសារាចរលម្អិតដោយឡែកមួយ ស្តីពីវិធានការធ្វើវិចារណកម្ម
និងការពង្រឹងប្រសិទ្ធភាព ចំណាយថវិកាជាអាទិ៍ ចំណាយលើប្រេងឥន្ធនៈ
និងបេសកកម្មក្នុងប្រទេសនិងក្រៅប្រទេស លើកលែងតែក្រសួង ស្ថាប័ន
ដែលមានប្រតិបត្តិការចាំបាច់ពាក់ព័ន្ធនឹងកិច្ចការពារអធិបតេយ្យជាតិ សន្តិសុខ
និងសណ្តាប់ធ្នាប់សាធារណៈ
និងការបន្តនិរន្តរភាពនៃការផ្តល់សេវាសាធារណៈដែលមានលក្ខណៈយុទ្ធសាស្ត្រប៉ុណ្ណោះ។
*ក្រសួងមហាផ្ទៃ
ត្រូវណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន
ឲ្យបង្កើនការខិតខំសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ
និងណែនាំដល់អង្គភាពក្រោមឱវាទឲ្យមានការសម្រួលចរាចរណ៍ឲ្យបានល្អ
នៅក្នុងអំឡុងម៉ោងមមាញឹកបំផុត ជាពិសេសក្នុងឱកាសពិធីបុណ្យជាតិធំៗ ដើម្បីចៀសវាងការកកស្ទះដែលតម្រូវឲ្យចំណាយប្រេងឥន្ធនៈបន្ថែម
ក្នុងពេលរង់ចាំនៅលើដងផ្លូវ។
*ក្នុងកាលៈទេសៈដែលកំពុងប្រឈមនឹងវិបត្តិថាមពល
គ្រប់ក្រសួង
ស្ថាប័នទាំងអស់ត្រូវពិនិត្យកាត់បន្ថយជាអតិបរមានូវការធ្វើដំណើរឆ្ងាយក្នុងការរៀបចំសិក្ខាសាលា
និងកិច្ចប្រជុំនានា ជាលក្ខណៈរូបវ័ន្ត ដោយលើកទឹកចិត្តឲ្យធ្វើតាមប្រព័ន្ធអនឡាញជំនួសវិញលើកលែងតែករណីចាំបាច់ប៉ុណ្ណោះ។
២៖ វិធានការសន្សំសំចៃលើការប្រើប្រាស់អគ្គិសនី
*ក្រសួងរ៉ែ និងថាមពល
ត្រូវរៀបចំសេចក្តីណែនាំលម្អិតដោយឡែកមួយ
ស្តីពីការប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនីតាមវិធីសន្សំសំចៃថាមពល។ ទន្ទឹមនេះ
ក្រសួងរ៉ែ និងថាមពល ត្រូវសហការ ជាមួយនឹងក្រសួងព័ត៌មាន
ដើម្បីរៀបចំផ្សព្វផ្សាយដល់អ្នកប្រើប្រាស់អគ្គិសនីនូវវិធីសន្សំសំចៃ
ការប្រើប្រាស់ថាមពល តាមវិទ្យុ ទូរទស្សន៍ និងសារព័ត៌មាននានាឲ្យបានទូលំទូលាយ។
*ក្រសួង ស្ថាប័នទាំងអស់
ត្រូវអនុវត្តការសន្សំសំចៃអគ្គិសនីក្នុងអគាររដ្ឋបាល និងក្នុងដំណើរការការងារប្រចាំថ្ងៃរបស់ខ្លួន
ឲ្យមានប្រសិទ្ធភាព ស្របតាមសេចក្ដីណែនាំរបស់ក្រសួងរ៉ែ និងថាមពល។
*រដ្ឋបាលរាជធានី ខេត្ត
ត្រូវសហការជាមួយអគ្គិសនីកម្ពុជា ដើម្បីពិនិត្យ និងពង្រឹងសក្តិសិទ្ធិភាព
ក្នុងការប្រើប្រាស់ប្រព័ន្ធបំភ្លឺនៅតាមទីសាធារណៈនានា។
*ក្រសួង ស្ថាប័នទាំងអស់ ត្រូវបំផុសចលនា
និងស្មារតីរួមគ្នា ក្នុងការកាត់បន្ថយការប្រើប្រាស់ អគ្គិសនី
តាមលទ្ធភាពដែលអាចធ្វើទៅបាន៕


