(សិង្ហបុរី)៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី
ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា
បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី។
អំឡុងពេលនៃការបំពេញទស្សនកិច្ចផ្លូវការនេះ លោកឧបនាយករដ្ឋមន្ត្រី
បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោកបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។ រដ្ឋមន្ត្រីការបរទេសទាំងពីរ
បានរក្សាទំនាក់ទំនងជាប្រចាំ តាមការផ្លាស់ប្តូរការសួរសុខទុក្ខ និងនឹករលឹកពីគ្នា។
ភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេ ក្នុងការពង្រឹង
និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពទ្វេភាគីដ៏យូរអង្វែង ដែលរួមចំណែកដល់សន្តិភាព
ស្ថិរភាព និងវិបុលភាពរួមក្នុងតំបន់។
ជំនួបខាងលើត្រូវបានបញ្ចប់ដោយការផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់
និងអន្តរជាតិដែលជាកង្វល់រួម
ក៏ដូចជាពិភាក្សាយ៉ាងស៊ីជម្រៅលើវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ។
ក្រោយជំនួបទ្វេភាគី លោករដ្ឋមន្ត្រីការបរទេសសិង្ហបុរី
ក៏បានរៀបចំអាហារថ្ងៃត្រង់ស្វាគមន៍ ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ៕








