(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ថោ
ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា
និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក
និងឧតុនិយម។
ក្នុងកិច្ចជំនួប លោករដ្ឋមន្ត្រី
បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត
និងគណៈប្រតិភូ
ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌាដែលជានិច្ចកាលតែងតែផ្តល់ជំនួយគាំទ្រទាំងសម្ភារៈ
និងថវិកា ជួយដល់កម្ពុជា ជាពិសសកិច្ចសហប្រតិបត្តិការយ៉ាងល្អលើវិស័យធនធានទឹក
និងឧតុនិយម។ លោករដ្ឋមន្ត្រី បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹង
និងពង្រីកកិច្ចសហប្រតិបត្តិការនានារវាងកម្ពុជា និងឥណ្ឌា
ដើម្បីអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត
បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក
និងបានថ្លែងនូវការកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
ជាពិសេសថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ដែលបានរួមសហការគ្នាយ៉ាងល្អ
ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ
ជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា
និងបន្តកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៀត។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី
ក៏បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងឯកឧត្តម
Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា
និងលោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម
ដែលនេះជាកិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងចំនួន ៩៩២៥៥
ដុល្លារអាម៉េរិកដល់កម្ពុជា លើគម្រោងពង្រឹងសមត្ថភាពតាមដានអាកាសធាតុ
នៅក្នុងខេត្តសៀមរាប ដើម្បីជួយដល់សុខុមាលភាពសាធារណៈ និងសេដ្ឋកិច្ចក្នុងតំបន់៕











