(ភ្នំពេញ)៖ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦
នៅទីស្តីការក្រសួង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី យ៉ាស្មីន ស៊ីឌីគី (Yasmin Siddiqi) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា
(ADB) ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការលើការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស
និងវិជ្ជាជីវៈ និងការអភិវឌ្ឍជំនាញនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។
នាឱកាសនោះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ
និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានកន្លងមក
តាមរយៈកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយធនាគារអភិវឌ្ឍន៍អាស៊ី
ព្រមទាំងបានផ្ដល់នូវអនុសាសន៍គន្លឹះក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែរលូន
ជាពិសេសនៅក្នុងការចូលរួមពីវិស័យឯកជនសម្រាប់ការអភិវឌ្ឍជំនាញ
យន្តការធ្វើតេស្តវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) និងការរៀបចំគោលនយោបាយអភិវឌ្ឍន៍ជំនាញជាដើម។
ជាការឆ្លើយតប លោកស្រី ស៊ីឌីគី
បានសម្ដែងនូវការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ជាមួយរាជរដ្ឋាភិបាលកម្ពុជា
ជារួម និងដោយឡែកជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ក្នុងការជំរុញការអភិវឌ្ឍជំនាញជាតិ ដែលចូលរួមពង្រឹងផលិតភាព ភាពធន់កម្លាំងពលកម្ម
និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ ទន្ទឹមនោះ លោកស្រី
ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបន្តគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ
និងបច្ចេកទេសដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ក្នុងការអនុវត្តកម្មវិធីយុទ្ធសាស្ត្រសម្រាប់វិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ
ក៏ដូចជាយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕




.jpg)




