(ម៉ានីល)៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ហ្វីលីពីន បានឱ្យដឹងថា មនុស្សកើនដល់យ៉ាងហោច២៦នាក់ហើយបានស្លាប់ ក្រោយព្យុះឈ្មោះ Kalmaegi បានវាយប្រហារចំភាគកណ្តាលប្រទេស ដោយនាំមកជាមួយនូវភ្លៀងធ្លាក់និងខ្យល់បោកបក់យ៉ាងខ្លាំងក្លា ហើយបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
ព្យុះ Kalmaegi បានធ្វើដំណើរមកដល់ហ្វីលីពីន
នាថ្ងៃអង្គារនេះ ជាមួយកម្លាំងខ្យល់បក់ចន្លោះ១៥០-២០៥គីឡូម៉ែត្រក្នុងមួយម៉ោង
ហើយវាត្រូវបានព្យាករថា នឹងចេញផុតទៅសមុទ្រចិនខាងត្បូងនៅថ្ងៃពុធ។
ប្រជាជនហ្វីលីពីនរាប់ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួននៅទូទាំងតំបន់ Visayas ក្នុងនោះរួមមានទាំងនៅភាគខាងត្បូងកោះ Luzon និងភាគខាងជើងកោះ
Mindanao។ បើតាមអាជ្ញាធរហ្វីលីពីន
ភាគច្រើននៃអ្នកបាត់បង់ជីវិត គឺដោយសារលង់ទឹក ក្នុងនោះ២១នាក់ នៅខេត្ត Cebu ជាទីដែលក្រុងជាច្រើន បានរងការជន់លិច។
គួរបញ្ជាក់ថា ការមកដល់នៃព្យុះ Kalmaegi គឺស្របពេលហ្វីលីពីន
ដែលជាប្រទេសរងគ្រោះដោយសារព្យុះត្រូពិក និងទីហ្វុង ជាមធ្យមចំនួន២០ ក្នុងមួយឆ្នាំៗ
ទើបតែជួបប្រទះគ្រោះធម្មជាតិជាបន្តបន្ទាប់ អំឡុងពេលប៉ុន្មានខែចុងក្រោយនេះ
ដែលរួមមានទាំងគ្រោះរញ្ជួយដី និងព្យុះបោកបក់។ បន្ទាប់ពីហ្វីលីពីន ព្យុះ Kalmaegi
ត្រូវបានព្យាករថា នឹងធ្វើដំណើរទៅដល់វៀតណាមថែមទៀត ក្នុងសប្តាហ៍នេះ។





