(ភ្នំពេញ)៖ លោក ហួត ហាក់
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអនុញ្ញាតជូនលោក Joseph Lin ប្រធានក្រុមហ៊ុន HQ Footwear
(Cambodia) Co., Ltd. និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សា
ពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥
នាទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួប ភាគីក្រុមហ៊ុន
សន្យាចូលរួមចំណែកឱ្យសកម្មក្នុងការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍
និងកាលានុវត្តន៍ភាពវិនិយោគកម្ពុជា ជាពិសេសគឺកត្តាសុខសន្តិភាព សិ្ថរភាពនយោបាយ
សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ការរីកចំរើនគ្រប់វិស័យ យន្តការលើកទឹកចិត្ត
និងការធានាដល់វិនិយោគិន ក្រោមការដឹកនាំដ៏ត្រឹមត្រូវ
និងប្រកបដោយការគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា
ទៅដល់បណ្តាញវិនិយោគរបស់ខ្លួននៅប្រទេសចិន និងជុំវិញពិភពលោក
ពិសេសដល់អ្នកបញ្ជាទិញរបស់ខ្លួន។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានកោតសរសើរ វាយតម្លៃខ្ពស់
និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះគំនិតផ្តួចផ្តើមដ៏ល្អរបស់ក្រុមហ៊ុន
និងស្នើឱ្យក្រុមហ៊ុន ជួយសហការផ្តល់ព័ត៌មានពិតៗ ពីកម្ពុជា
ក៏ដូចជាពិនិត្យពិចារណារៀបចំការឈប់សម្រាកប្រចាំរបស់បុគ្គលិក
និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា។
ការរៀបចំដំណើររបស់អ្នកបញ្ជាទិញ មកទស្សនាស្វែងយល់ពីសភាពការណ៍ពិត
ការរីកចំរើនគ្រប់វិស័យ សក្តានុពលទេសចរណ៍ដ៏សំបូរបែប
និងបទពិសោធន៍បដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា៕








