(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន
ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ
បានជួបពិភាក្សាតាមទូរសព្ទជាមួយ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី
ដើម្បីពិភាក្សាអំពីការបន្តស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។
នៅក្នុងជំនួបតាមទូរសព្ទនេះ សម្តេចបានថ្លែងអំណរគុណ លោក Anwar ដែលបានបន្តដេីរតួនាទីយ៉ាងសំខាន់
និងសកម្មក្នុងការសម្របសម្រួល ស្វែងរកដំណោះស្រាយដោយសន្តិវីធីរវាងកម្ពុជា និងថៃ។
សម្តេចបានបញ្ជាក់ថា «កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
និងដោយប្រេីប្រាស់យន្តការដែលមានស្រាប់ និងបានឯកភាពគ្នាកន្លងមក
ជាពិសេសស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៦ ខែតុលា
ឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះព្រំដែន និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ»។
កាលពីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីទាហានថៃ បាញ់រះមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់
បណ្តាលឱ្យពលរដ្ឋខ្មែរម្នាក់បាត់បង់ជីវិត និងប្រជាពលរដ្ឋ៣នាក់ផ្សេងទៀតរងរបួស។
កម្ពុជា
បានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើយង់ឃ្នងរបស់ទាហានថៃបែបនេះ
ហើយទាមទារឱ្យភាគីថៃទទួលខុសត្រូវចំពោះការផ្ទុះអាវុធ នៅក្រោយកិច្ចព្រមព្រៀងសន្តិភាព
ដែលចុះហត្ថលេខាដោយមេដឹកនាំប្រទេសទាំងពីរ ដែលមានសហរដ្ឋអាមេរិក
និងម៉ាឡេស៊ីធ្វើជាសាក្សី៕



