ឥណ្ឌូណេស៉ី គ្រោងទិញយន្តហោះចម្បាំង J-10 ចំនួន៤២គ្រឿងពីចិន

នាគខៀវ

(ហ្សាការតា)៖ កាលពីថ្ងៃពុធ ទី១៥ ខែតុលា ប្រមុខការពារជាតិនៃប្រទេសឥណ្ឌូណេស៉ី បានឱ្យដឹងថា ឥណ្ឌូណេស៉ី នឹងទិញយន្តហោះចម្បាំងយ៉ាងហោច ៤២គ្រឿងពីប្រទេសចិន ដោយវានឹងជាលើកដំបូងបង្អស់ ដែលប្រទេសអាស៊ានមួយនេះ ទិញយន្តហោះចម្បាំងមិនមែនផលិតដោយលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP

រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៉ី លោក Sjafrie Sjamsoeddin បានប្រាប់ក្រុមអ្នកកាសែតនៅរដ្ឋធានីហ្សាការតាថា ក្នុងពេលឆាប់ៗ ឥណ្ឌូណេស៉ី នឹងទិញយន្តហោះចម្បាំង Chengdu J-10C ពីចិន ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងធ្វើទំនើបកម្មយោធារបស់ខ្លួន។ យ៉ាងណាមិញ លោក Sjamsoeddin មិនបាននិយាយលម្អិតអ្វីទៀតនោះទេ អំពីគម្រោងទិញយន្តហោះចម្បាំងនេះ។ ក្នុងថ្ងៃដដែល រដ្ឋមន្រ្តីហិរញ្ញវត្ថុឥណ្ឌូណេស៉ី Purbaya Yudhi Sadewa ក៏បាននិយាយដែរថា ក្រសួងរបស់លោក បានអនុម័តកញ្ចប់ថវិកាមួយ សម្រាប់ការទិញយន្តហោះចម្បាំងពីចិន ដែលបានឈានដល់ទំហំជាង៩ពាន់លានដុល្លារ។

គួរបញ្ជាក់ថា សព្វថ្ងៃ កងទ័ពអាកាសនៃប្រទេសឥណ្ឌូណេស៉ី មានយន្តហោះចម្បាំងមកពីប្រទេសចម្រុះ ដូចជាសហរដ្ឋអាមេរិក រុស្ស៉ី និងចក្រភពអង់គ្លេស ជាដើម ប៉ុន្តែមួយចំនួននៃយន្តហោះទាំងនោះ គឺត្រូវការដំឡើងសមត្ថភាពបន្ថែម ឬប្តូរចេញតែម្តង។ កាលពីខែមិថុនា ឆ្នាំនេះ ប្រទេសតួកគីយ៉េ បានប្រកាសថា នឹងនាំចេញយន្តហោះចម្បាំង KAAN របនស់ខ្លួនចំនួន ៤៨គ្រឿងមកឥណ្ឌូណេស៉ី។ រីឯកាលពីដើមឆ្នាំ២០២៤ ឥណ្ឌូណេស៉ី បានឈានដល់ការបញ្ជាទិញយន្តហោះចម្បាំង Rafale ៤២គ្រឿង ពីក្រុមហ៊ុនបារាំង Dassault ហើយការប្រគល់ដំបូង ត្រូវបានរំពឹងថា នឹងធ្វើឡើងនៅអំឡុងដើមឆ្នាំ២០២៦៕



 

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top