(ការ៉ាកាស)៖ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃចន្ទ ទី៦ ខែតុលា បាននិយាយថាវ៉េណេស៊ុយអេឡាបានទប់ស្កាត់ទាន់ពេលវេលាការប៉ុនប៉ងវាយប្រហារបំផ្ទុះ គ្រាប់បែកប្រឆាំងស្ថានទូតអាមេរិកក្នុងទីក្រុងការ៉ាកាស ដើម្បីទម្លាក់កំហុសលើរដ្ឋាភិបាលរបស់លោក និងដុតបញ្ឆេះភាពតានតឹងជាមួយសហរដ្ឋអាមេរិក ខណៈប្រទេសទាំង២កំពុងតានតឹងនឹងគ្នាស្រាប់ ជុំវិញប្រតិបត្តិការបង្រ្កាបគ្រឿងញៀនរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ថ្លែងនៅក្នុងកម្មវិធីទូរទស្សន៍ប្រចាំសប្ដាហ៍
លោក Maduro បានអះអាងថាប្រភពចំនួន២
ដែលមិនបានបញ្ជាក់ឈ្មោះបានជូនដំណឹងប្រាប់រដ្ឋាភិបាលរបស់លោកពីផែនការរបស់ក្រុមភេរវករមួយ
នៅក្នុងស្រុក ដើម្បីបង្កៃគ្រាប់បែកនៅឯស្ថានទូតអាមេរិកក្នុងទីក្រុងការ៉ាកាស
ក្នុងគោលបំណងដុតបញ្ឆេះជម្លោះជាមួយទីក្រុងវ៉ាស៊ីនតោន។ លោក Jorge Rodriguez ជាប្រធានរដ្ឋសភា វ៉េណេស៊ុយអេឡា
និងជាអ្នកដែលបានរាយការណ៍មុនគេពីផែនការខាងលើកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ
បានឱ្យដឹងថារដ្ឋាភិបាលវ៉េណេស៊ុយអេឡាក៏បានជូនដំណឹងបន្តទៅកាន់សហរដ្ឋអាមេរិក
តាមរយៈបណ្ដាញការទូតចំនួន៣ផងដែរ។ លោកបន្ថែមថាស្ថានទូតប្រទេសអឺរ៉ុបមួយក៏ត្រូវបានជូនដំណឹងពីផែនការវាយប្រហារបំផ្ទុះគ្រាប់បែកដែរ
តែមិនបានបញ្ជាក់ឱ្យច្បាស់ថាជាស្ថានទូតរបស់ ប្រទេសអឺរ៉ុបណាមួយទេ។
គួរបញ្ជាក់ថា
វ៉េណេស៊ុយអេឡា បានកាត់ផ្ដាច់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩
ហើយបុគ្គលិកស្ថានទូតអាមេរិកបានចាកចេញពីរដ្ឋធានីការ៉ាកាសក្នុងឆ្នាំដដែលនោះ។
វ៉េណេស៊ុយអេឡា និងសហរដ្ឋអាមេរិក កំពុងមានភាពតានតឹងនឹងគ្នា
ខណៈរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន
និងកំពុងបើកការវាយប្រហារលើឧក្រិដ្ឋជនគ្រឿងញៀនក្នុងតំបន់ដែនទឹកស្ថិតនៅក្បែរ
វ៉េណេស៊ុយអេឡា៕



