(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម
ជុងអ៊ុន បានធ្វើទស្សនកិច្ចចុះត្រួតពិនិត្យនាវាពិឃាដ Choe Hyon នៅឯពិព័រណ៍យោធាមួយកាលពីថ្ងៃអាទិត្យ ទី៥ ខែតុលា ជាមួយការក្រើនរំឮកឱ្យ
កងទ័ពជើងទឹកកូរ៉េខាងជើងប្រុងជើងការជាប់ជានិច្ចដើម្បីកំញើញ ឬទប់ស្កាត់
និងវាយបកលើការបង្ករឿងពីសត្រូវ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង
ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី៦ ខែតុលា
បានរាយការណ៍ថាពិព័រណ៍អភិវឌ្ឍវិស័យការពារជាតិប្រចាំឆ្នាំត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការអភិវឌ្ឍគួរឱ្យកត់សម្គាល់
នៃការធ្វើទំនើបកម្មយោធារបស់កូរ៉េខាងជើង។
ក្រុមអ្នកវិភាគបាននិយាយថាគេមិនទាន់ដឹងច្បាស់ថាតើពេលណា ទើបនាវាពិឃាដ Choe
Hyon ត្រូវបានដាក់ឱ្យធ្វើប្រតិបត្តិការជាផ្លូវការនោះទេ។ តែ SI
Analytics ជាក្រុមហ៊ុនមួយមានមូលដ្ឋានក្នុងប្រទេសកូរ៉េខាងត្បូង
បានឱ្យដឹងដោយផ្អែកលើរូបភាពផ្កាយរណបកាលពីខែកញ្ញាថាកូរ៉េខាងជើងបានបញ្ចប់ការដំឡើងគ្រឿងម៉ាស៊ីនលើនាវា
SI Choe Hyon និងបានព្យាករថានាវាពិឃាដនេះអាចនឹងធ្វើតេស្ដសាកល្បងនៅឯសមុទ្រក្នុងពេលឆាប់ៗ
ឬអាចក្នុងខែតុលានេះ។
គួរបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅ នាវាពិឃាដ Choe Hyon បានក្រឡាប់លិចមួយផ្នែកអំឡុងពិធីសម្ពោធមួយក្រោមការចូលរួមដោយផ្ទាល់ពីលោក
គីម ជុងអ៊ុន ដែលបានចាត់ទុកកំហុសនេះ ជាបទល្មើសព្រហ្មទណ្ឌ៕


