(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោកបណ្ឌិត វីរៀន បាឡាគ្រឹស្សណាន់ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី នៅថ្ងៃទី១០-១១ ខែមីនា ឆ្នាំ២០២៦។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ
លោក ប្រាក់ សុខុន នឹងចូលជួបសម្តែងការគួរសមចំពោះ លោក ឡរ៉េន វ៉ុង
នាយករដ្ឋមន្ត្រីសិង្ហបុរី
និងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរីផងដែរ។
កិច្ចពិភាក្សារបស់ប្រមុខការទូតទាំងពីរ
នឹងផ្តោតលើការជំរុញទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងកក់ក្តៅ
តាមរយៈការស្វែងរកវិស័យថ្មីៗដែលមានសក្តានុពល
សម្រាប់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗ។
ក្រសួងការបរទេសកម្ពុជា
បានអះអាងថា ទស្សនកិច្ចផ្លូវការនេះ បញ្ជាក់យ៉ាងមុតមាំអំពីចំណងមិត្តភាពដ៏ជិតស្និទ្ធ
និងយូរអង្វែងរវាងប្រទេសទាំងពីរ ហើយបង្ហាញអំពីការប្តេជ្ញាចិត្តរួម
និងទស្សនវិស័យឆ្ពោះទៅមុខ សំដៅលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅកាន់កម្រិតថ្មី
ដោយប្រែក្លាយប្រទេសទាំងពីរ ទៅជាដៃគូល្អក្នុងការចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព
និងវិបុលភាព យូរអង្វែងនៅក្នុងតំបន់៕


